លោក ​ឱម យ៉ិនទៀង​ប្រធានអង្គភា​ពប្រឆាំងអំពើ​ពុករលួយ​គួរបើកកា​រស៊ើបអង្កេត​ឲ្យស៊ីជ​ម្រៅរឿងពុករលួយ​លោក​ ប្រាក់​ ប៉ូលី​ ហើយចាត់វិធា​នការតាម​ច្បាប់​ប្រកបដោយប្រសិទ្ធ​ភាព

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​ឲ្យ​មាន​សំណង់​ខុសច្បាប់ សំណង់​មិន​រៀបរយ កើតឡើង​យ៉ាង​រាលដាល​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ គឺ​លោក ប្រាក់ ប៉ូ​លី ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប្រាក់ ប៉ូ​លី មាន​លុយ​សាងសង់​ភូមិគ្រឹះ​មួយកន្លែង​តម្លៃ​ជិត​១​លាន​ដុល្លារ​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ ទល់មុខ​ផ្សារ​ថ្មី ប៉ោយប៉ែត ដើម្បី​ចិញ្ចឹមសត្វ​ត្រចៀកកាំ ទៀតផង​។ ក្រៅពីនេះ​លោក ប្រាក់ ប៉ូ​លី ទិញ​ដី​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នៅ​ប្លុក​កាស៊ីណូ​ស្តា​រវេ​ហ្គាស ក្រុង​ប៉ោយប៉ែត ក្នុងភូមិ​សាមគ្គី​មានជ័យ ហើយ​ដី​នោះ​ដាក់ឈ្មោះ​ប្រពន្ធ​របស់ខ្លួន ឈ្មោះ សុះ វី​ណា ដើម្បី​គេច​ពី​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ មន្ត្រី​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ខ្លី​នៃ​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ គឺ​លោក ប្រាក់ ប៉ូ​លី ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​មិនគួរ​ឲ្យ​ជឿ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅ​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ហើយ​ចាត់វិធានការ​តាមច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ រួចមក​លោក ប្រាក់ ប៉ូ​លី បាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​លោក ប្រាក់ ប៉ូ​លី ប្រមូល​លុយ​ពី​ការអនុញ្ញាត​ឲ្យ​សាងសង់​សំណង់​តូចធំ​ក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​។ ជាពិសេស​សំណង់​ខុសច្បាប់​ឬ​សំណង់​មិន​រៀបរយ​ដែល​កើតឡើង​ព្រោងព្រាត​ក្នុង​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​គេ​ដឹងថា ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ប្រាក់ ប៉ូ​លី និង​បក្ខពួក​មួយ​ក្ដាប់​តូច​ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។

ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ គឺ​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី បាន​បង្កើត​គណៈកម្មកា​រ​មួយ​ដើម្បី​ស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ផងដែរ​។ ក៏ប៉ុន្តែ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​វាយតម្លៃ​ទុកជាមុន​ថា ការស៊ើបអង្កេត​របស់​គណៈកម្មការ​អធិការកិច្ច ដែលមាន​មន្ត្រី​៩​រូបនោះ ប្រហែលជា​មិនអាច​រកឃើញ​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​ទាំង​៩​រូប​ក្នុង​គណៈកម្មការ​អធិការកិច្ច​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី អាច​ចេញមុខ​ជួយ​បិទបាំង​អំពើពុករលួយ​របស់លោក ប្រាក់ ប៉ូ​លី ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទៀតផង​។(មានតភាគ)

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.