តើ ​បុរ​ស​នេះ​អាច​រស់​នៅម​ហាស​មុ​ទ្រប៉ា​ស៊ី​ហ្វិ​ចបា​ន ​១៦ ​ខែ​ដោ​យរ​បៀ​ប​ណា​?

អ្នកស្រាវជ្រាវ​ម្នាក់​បាន​និយាយថា បុរស​ធ្លាក់ខ្លួន​ស្គម​មួយរូប ដែល​ទូក​របស់ខ្លួន​ត្រូវបាន​បោកបក់​មក​ទើរ​លើ​ប្រជុំ​កោះ​ផ្កាថ្ម​ដាច់ស្រយាល​មួយ​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច នៅ​សប្តាហ៍​នេះ​បាន​អះអាងថា គាត់​អាច​រស់ ១៦ ខែ​នៅលើ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ដោយរ​សាត់អណ្តែត​ជាង ១២.៥០០ គីឡូម៉ែត្រ​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ បុរស ដែលមាន​សក់ និង​ពុកមាត់​វែង​រូបនេះ​ត្រូវបាន​ប្រទះឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមករា ឆ្នាំ ២០១៤ នៅពេល​ទូក​ស្តើង​ប្រវែង ៧,៣ ម៉ែត្រ​ដែលមាន​ម៉ាស៊ីន​គ្មាន​ស្លាបចក្រ​របស់លោក​បាន​អណ្តែត​ទៅលើ​កោះ​ផ្កាថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ​ផ្កាថ្ម​អ៊ី​បុ​ន (Ebon) ហើយ​គាត់​ក៏​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកស្រុក​ពីរ​នាក់​។ ​លោក អូ​ឡា ហ្វ្យែ​ល​ស្តា​ដ (Ola Fjeldstad) និស្សិត​ផ្នែក​នរវិទ្យា​សញ្ជាតិ​ន័​រវេ​ស ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ប្រជុំ​កោះ​អ៊ី​បុ​ន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​ស្ថានភាព​របស់គាត់​មិនល្អ​ទេ ប៉ុន្តែ​គាត់​កំពុងតែ​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ​ហើយ​”​។ លោក​ហ្វ្យែ​ល​ស្តា​ដ​បាន​និយាយថា បុរស​ដែល​ស្លៀក​តែ​ខោ​ក្នុង​រហែក​រូបនេះ​បាន​អះអាងថា គាត់​បាន​ចាក​ចេញពី​ម៉ិ​ក​ស៊ិ​កមក​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​ក្នុង​ខែកញ្ញា ឆ្នាំ ២០១២ ជាមួយនឹង​គូកន​ម្នាក់ ដែល​បាន​ស្លាប់​នៅ​សមុទ្រ​រាប់​ខែ​មកហើយ​។ លោក​ហ្វ្យែ​ល​ស្តា​ដ​បាន​បន្ថែមថា ព័ត៌មាន​លំអិត​អំពី​ការរស់រានមានជីវិត​របស់លោក​ពុំ​សូវ​មាន​ភាពច្បាសលាស់​ទេ ដោយសារ​គាត់​ចេះ​និយាយ​តែ​ភាសា​អេ​ស្ប៉ា​ញ​ប៉ុណ្ណោះ ប៉ុន្តែ​គាត់​និយាយថា គាត់​មាន​ឈ្មោះថា ចូ​សេ អាយ​វ៉ាន់ (Jose Ivan)​។​
អ្នកស្រាវជ្រាវ​រូបនេះ​បាន​និយាយថា “​ទូក​នេះ​ពិត​ជាមាន​ស្នាម​ឆ្កូត​ខ្លាំងណាស់ ហើយ​មើលទៅ​ហាក់ដូចជា​វា​បាន​ស្ថិតនៅក្នុង​ទឹក​យូរណាស់​មកហើយ​។ លោក​មាន​ពុកមាត់ និង​សក់វែង​”​។ លោក​អាយ​វ៉ាន់​បានបញ្ជាក់​ប្រាប់​លោក​ហ្វ្យែ​ល​ស្តា​ដ​ថា គាត់​អាចរ​ស់បាន​ដោយ​បរិភោគ​សាច់​អណ្តើក បក្សី និង ត្រី ហើយ​ផឹក​ឈាម​អណ្តើក នៅពេលណា​គ្មាន​ភ្លៀង​ធ្លាក់​។ គ្មាន​ឧបករណ៍​ចាប់​ត្រី​ណាមួយ​បាន​ស្ថិតនៅលើ​ទូក​នោះទេ ហើយ​លោក​អាយ​វ៉ាន់​បាន​លើកឡើងថា លោក​បាន​ចាប់​អណ្តើក និង បក្សី​ដោយ​ដៃទទេ​របស់លោក​។ មាន​អណ្តើ​កមួយ​នៅលើ​ទូក នៅពេល​ទូក​នេះ​បាន​ទើរ​លើ​ប្រជុំ​កោះ​អ៊ី​បុ​ន​។ រឿងរ៉ាវ​អំពី​អ្នក​រស់រាន​ជីវិត​នៅក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ដ៏​ធំ​សម្បើម​នេះ​ពុំមែន​ជា​រឿង​អ្វី​ចម្លែក​នោះទេ​។ ក្នុង​ឆ្នាំ ២០០៦ បុរស​ម៉ិ​ក​ស៊ិ​ក​បីនាក់​បានធ្វើ​ឲ្យ​ល្បី​ពេញ​ទំព័រមុខ​អន្តរជាតិ នៅពេល​ពួកគេ​ត្រូវបាន​ប្រទះឃើញ​រសាត់​ត្រដែត​ក្នុង​កណ្តាល​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ក្នុង​ទូក​ខូច​របស់​ពួកគេ រយៈពេល​៩​ខែ​បន្ទាប់ពី​ចាប់ផ្តើម​ចេញដំណើរ​នេសាទ​ត្រី​ឆ្លាម​។
ហើយ​ក្នុង​ឆ្នាំ ១៩៩២ អ្នកនេសាទ​មកពី​ប្រទេស​គី​រី​បាទី (Kiribati) បាន​ស្ថិតនៅលើ​សមុទ្រ​រយៈពេល ១៧៧ ថ្ងៃមុន​ពេលមកដល់​ច្រាំង​ក្នុងប្រទេស​សា​ម៉ា​វ (Samoa)​។ យោងតាម​លោក​ហ្វ្យែ​ល​ស្តា​ដ ប្រជាជន​សាធារណរដ្ឋ​កោះ​ម៉ា​សល (Republic of the Marshall Islands) ដែល​រកឃើញ​លោក​អាយ​វ៉ាន់ បាន​នាំ​គាត់​ទៅ​កោះធំ​នៅលើ​ប្រជុំ​កោះ​ផ្កាថ្ម​អ៊ី​បុ​ន​ដើម្បី​ជួប​អភិបាល​កោះ​លោក អាយ​អូ​ណេ ឌឺ ប្រាំ (Ione de Brum) ដែល​បាន​ទូរស័ព្ទ​ទៅ​ក្រសួងការបរទេស​ក្នុង​កោះ​ម៉ា​ជូ​រ៉ូ (Majuro–​ជា​កោះធំ​បំផុត​ក្នុងចំណោម​កោះ​ទាំង ៦៤ ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​)​។
មន្ត្រី​នៅ​ក្រសួងការបរទេស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ៣១ មករា ថា ពួកគេ​កំពុង​រង់ចាំ​ទទួល​ព័ត៌មាន​លំអិត ដើម្បី​បញ្ជូន​លោក​អាយ​វ៉ាន់​មក​កោះ​ម៉ា​ជូ​រ៉ូ​។យន្តហោះ​តែមួយគត់​របស់​អាកាស​ចរណ៍​រដ្ឋាភិបាល​ដែល​អាច​ចុះចត​នៅ​ប្រជុំ​កោះ​អ៊ី​បុ​ន​បាន​ថ្មីៗ​នេះ​កំពុងតែ​ត្រូវបាន​ជួសជុល ហើយ​គេ​មិន​រំពឹងថា​វា​នឹង​វិលត្រឡប់​មក​ដឹក​អ្នកដំណើរ​វិញ​នៅ​ថ្ងៃ​អង្គារ​ខាងមុខ​ឲ្យ​បាន​ឆាប់​នោះទេ ខណៈ​ក្រុមមន្ត្រី​កំពុង​ពិចារណា​បញ្ជូន​ទូក​មួយ​ទៅ​ដឹក​បុរស​អណ្តែត​រសាត់​រូបនេះ​។ លោក​ហ្វ្យែ​ល​ស្តា​ដ ដែល​បាន​បន្ថែមថា​បុរស​នេះ​ត្រូវ​ទទួល​ការពិនិត្យ​សុខភាព​ជាប្រចាំ និង មាន​សម្ពាធ​ឈាម​ទាប​នោះ បាន​និយាយថា “​គាត់​កំពុងស្នាក់នៅ​បន្ទប់​ប្រជុំ​របស់​ក្រុមប្រឹក្សា​ក្នុងស្រុក​មួយ ហើយ​គ្រួសារ​មួយ​កំពុង​ចិញ្ចឹម​បីបាច់​គាត់​”​។​គាត់​ពុំមាន​ជំងឺ​គំរាម​ដល់​ជីវិត​នោះទេ ហើយ​អាច​ដើរ​ដោយមាន​ការជួយ​ពី​បុរស​នៅលើ​កោះ​អ៊ី​បុ​ន​។ អ្នកស្រាវជ្រាវ​ន័​រវេ​សរូប​នេះ​បាន​និយាយថា “​យើង​បាន​ឲ្យ​ទឹក​គាត់​ផឹក​ច្រើនណាស់ ហើយ​គាត់​មាន​ភាព​រឹង​ពឹង​ច្រើន​ហើយ​”៕

2

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.