លោ​ករ៉ុ​កគី ​អា​បា​ល់​សា​ម៉ូ ​ដែ​លអ​ង្គុយ​ក្បែរ​ផ្នូរ​ប្រ​ពន្ធ​នៅ​ក្រុង​បូ​ស្តុន​អស់ ​២០ ​ឆ្នាំ ទ​ទួល​មរ​ណភាពក្នុងវ័យ ៩៧ ឆ្នាំ

បុរស​​ម្នាក់ ​ដែល​អ​ង្គុយ​​នៅ​ផ្នូរ​រ​បស់​ប្រ​ពន្ធ​ខ្លួន​​អស់​រ​យៈពេល​ជិ​ត ២០ ​ឆ្នាំ ឆ្ល​ងកា​ត់​ព្យុះ រ​លក​កំ​ដៅ និង​ ខ្យ​ល់​ខ្លាំង​តាំ​ងពី​ព្រលឹ​ម​ទល់​​ព្រល​ប់ បាន​​ស្លាប់​​ហើយ​។ ​កាសែ​ត The Bo​ston Gl​obe បាន​​រាយការណ៍​​ថា លោក​រ៉ុ​​ក​គី អា​​បាល់​​សា​ម៉ូ (Roc​ky Abals​amo) ឥ​ឡូវ​នឹ​ង​បាន​​ទៅ​ជួប​ជុំ​ប្រព​ន្ធ​ជា​ទី​ស្រ​ឡាញ់​របស់លោ​ក​ហើយ គឺ​​លោកស្រី ​ជូ​លី​តា (Ju​lita) ដែល​បាន​ស្លាប់​ក្នុង​ឆ្នាំ ១៩៨៣ បន្ទាប់ពី​រៀបការ​រយៈពេល ៤៥ ឆ្នាំ​។ លោក​នឹងត្រូវ​បញ្ចុះ​នៅ​ខាងឆ្វេង​ដៃ​លោកស្រី ដែល​លោក​ធ្លាប់បាន​ដើរ​កៀក​កិត​នៅពេល​ប្រពន្ធ​គាត់​នៅរស់​។ ​លោក​ចាក​ចេញពី​ទីតាំង​ផ្នូរ​របស់លោក​ស្រី​ជូ​លី​តា ទាល់តែ​នៅពេល​កន្លែង​បញ្ចុះ​សព្វ St Joseph Cemetery ក្នុង​សង្កាត់​វេស រ៉ូ​បឺ​រី (West Roxbury), ទីក្រុង​បូ​ស្តុ​ន (Boston) សហរដ្ឋអាមេរិក ត្រូវបាន​បិទ​ប៉ុណ្ណោះ​។ បន្ទាប់មក​លោក​បាន​បាច​អាហារ​ក្រៀម​តូចៗ​ពាសពេញ​ផ្នូរ ដូចនេះ​ទើប​សត្វ​កំប្រុក​អាច​នៅ​កំដរ​ប្រពន្ធ​របស់លោក​បាន នៅពេល​លោក​មិនអាច​នៅក្បែរ​ផ្នូរ​។ លោក​រ៉ុ​ក​គី ដែលមាន​វ័យ ៩៧ ឆ្នាំ នៅពេល​លោក​ស្លាប់​នៅ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ស្តូ​ន​ហេច (Stonehedge Health Care Centre) ក្នុង​សង្កាត់ វេស រ៉ូ​បឺ​រី នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១៤ ត្រូវបាន​គេ​ស្គាល់​ក្នុង​ឆ្នាំ ១៩៩០ នៅពេល​ការ​ចាំ​កំដរ​ដៃគូ​របស់លោក​ត្រូវបាន​ដឹងឮ​ដល់​មនុស្ស​គ្រប់គ្នា​។​ពេលនោះ​លោក​បាន​ប្រាប់​កាសែត The Boston Globe ថា “​គាត់ (​ប្រពន្ធ​) គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់ខ្ញុំ ដូច្នេះ​នៅទីនេះ ខ្ញុំ​មាន​គ្រប់​អ្វីៗ​ទាំងអស់​។ ការដែល​ស្ថិតនៅ​ទីនេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ណាស់​។ ទោះ​មិនល្អ តែ​វា​ប្រសើរ​ច្រើន​។ ខ្ញុំ​ធ្វើបែបនេះ​ដើម្បី​ជូ​លី​តា និង​សម្រាប់​ខ្លួន​ខ្ញុំ​”​។ លោក​បាន​អង្គុយ​នៅក្បែរ​ផ្នូរ​ប្រពន្ធ​របស់លោក​នៅលើ​កៅអី​មាត់សមុទ្រ​ពណ៌​ខៀវ​មួយ ដោយ​និយាយថា “​បង​កំពុង​នៅទីនេះ​ហើយ​” នៅពេល​គាត់​ដាក់​គូទ​អង្គុយ​ចុះ​។
នៅ​ថ្ងៃ​ខួបកំណើត​របស់​ប្រពន្ធ គឺ​ថ្ងៃទី ២០ ខែធ្នូ លោក​បាន​ជល់​ស្រា​មួយ​កែវ​ជាមួយ​ប្រពន្ធ​លោក​។ លោក​ក៏បាន​យកមក​ជាមួយ​នូវ​ខ្សែអាត់​សម្លេង​លោក​ច្រៀង​ជាមួយ​ប្រពន្ធ ដែលជា​បទ​ចង្វាក់​ស្លូ​របស់​អេ​ស្ប៉ា​ញ​ផងដែរ​។​រាល់​រាត្រី​ដែល​លោក​ចាក​ចេញទៅ លោក​រ៉ុ​ក​គី​បាន​យក​ម្រាមដៃ​ជូត​លើ​ឈ្មោះ​ប្រពន្ធ​លោក​នៅលើ​ថ្ម​ក្រា​នី​ត​ពណ៌​ក្រហម​មួយ​ផ្ទាំង​។ ការ​ជូត​សម្អាត​លើ​ឈ្មោះ​នេះ​បាន​បន្សល់​នូវ​ស្នាម​រលោង​ដ៏​មិនគួរ​ឲ្យ​ជឿ​។ លោក​តែងតែ​កាន់​រូបថត​របស់​ប្រពន្ធ​លោក​ជានិច្ច​។ នៅ​ខ្នង​រូបថត លោកស្រី​ជូ​លី​តា​បានសរសេរថា “​ថ្ងៃនេះ​មេឃញ​ញឹក​ដាក់​អូន​។ អូន​ឃើញ​ភ័​ក្របង​។ បង​សំឡឹង​មក​អូន​។ ថ្ងៃនេះ​អូន​ជឿជាក់​លើ​ព្រះ​ជា​ម្ចាស់​។ ស្រឡាញ់​បង​អស់ពី​បេះដូង​, ពី​ជូ​លី​តា​”​។ រ៉ុ​ក​គី​បាន​ជួប​ជូ​លី​តា​ក្នុង​ទីក្រុង​កំណើត​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទីន​របស់​អ្នក​ទាំងពីរ ហើយ​អ្នក​ទាំង​ពីរបាន​ថើប​គ្នា​ជា​លើកដំបូង​នៅ​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៣៧ ជា​ថ្ងៃ​ដែល​លោក​នៅតែ​ធ្វើ​ពិធី​អបអរ​។ អ្នក​ទាំង​ពីរបាន​រៀបការ​នៅ​មួយឆ្នាំ​ក្រោយ​។
អ្នក​ទាំងពីរ​បាន​តាម​កូនៗ​របស់ខ្លួន​មក​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៧១ ដោយ​ផ្លាស់​មក​រស់នៅ​ទីក្រុង​បូ​ស្តុ​ន​ក្នុង​ឆ្នាំ ១៩៧២​។ នៅពេល​សាច់រឿង​របស់លោក​រ៉ុ​ក​គី​ត្រូវបាន​ដឹងឮ​យ៉ាង​ទូលំទូលាយ លោក​បានចាប់ផ្តើម​ទទួលភ្ញៀវ​នៅ​ផ្នូរ​។ ភ្ញៀវ​ទាំង​នោះបាន​យក​ម្ហូប និង​សម្លៀកបំពាក់​មក​ឲ្យ​គាត់​។ លោក​រ៉ុ​ក​គី​ត្រូវបាន​ប្រគល់​ឲ្យ​នូវ​ស្បែកជើង​កវែង កន្សែង​បង់ក អាវ​រងា ហើយ​ផ្នូរ​របស់​លោកស្រី​ជូ​លី​តា​ត្រូវបាន​តុបតែង​ជាមួយនឹង​ដើម​ផ្កា ទង់ជាតិ តុក្កតា​សេ​រ៉ា​មិ​ក និង កូន​តុក្កតា​ខ្លាឃ្មុំ​។ ពួកគេ​បាន​អង្គុយ​ជាមួយ​លោក​រ៉ុ​ក​គី ស្តាប់​គាត់​និយាយ​ពី​រឿងរ៉ាវ​ស្នេហា​របស់គាត់ និង​ប្រពន្ធ​ដែល​ស្លាប់ទៅ​, រៀបរាប់​ពី​របៀប​ដែល​អ្នក​ទាំងពីរ​ជួបគ្នា និង រឿងរ៉ាវ​កូន​ទាំងពីរ​របស់​ពួកគាត់​។ លោកស្រី លីន​ដា ហ៊ែ​ន​ឡេ (Linda Handley) គ្រូ​គណិតវិទ្យា​នៅ​សាលារៀន​ក្នុងស្រុក​មួយ បាន​ស្គាល់​លោក​រ៉ុ​ក​គី ក៏ដូចជា​អ្នកថែរក្សា​ទីកន្លែង​បញ្ចុះសព លោក ច​ន ថូ​ប៊ី​ន (John Tobin) ដែរ​។ លោក​រ៉ុ​ក​គី​បានដឹងថា​អ្នក​ទាំងពីរ​ពុំបាន​រៀបការ​ជាមួយគ្នា​ទេ និង​បានស្នើ​អ្នក​ទាំងពីរ​ឲ្យ​មកជួប​គាត់​នៅ​ថ្ងៃ​ខួប​លើក​ទី ៦១ នៃ​ការ​ថើប​គ្នា​គ្រា​ដំបូង​របស់លោក​ជាមួយ​លោកស្រី​ជូ​លី​តា​។ លោកស្រី​ហ៊ែ​ន​ឡេ និង លោក​ថូ​ប៊ី​ន បាន​រៀបការ​ជាមួយគ្នា​នៅ ១២ ខែក្រោយ​។ អ្នក​ទាំងពីរ​បាន​សរ​សេរ​ក្នុង​កម្មវិធី​រៀបការ​របស់ខ្លួន​ថា “​យើង​ជឿជាក់ថា អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៅថ្ងៃនេះ​គឺជា​ស្នាដៃ​របស់​មនុស្ស​ដ៏​ពិសេស​ម្នាក់ គឺ លោកស្រី​ជូ​លី​តា អេ​ឆេ​វើ​រៀ (Julita Echeverria)​។ …​យើង​ពិតជា​ដឹងគុណ​ណាស់​ចំពោះ​មេរៀន​របស់​លោកស្រី ជូ​លី​តា និង ប្តី​ជា​អ្នករត់​សំបុត្រ​ជាទី​ស្រឡាញ់​របស់គាត់ ដុន រ៉ូ អា​បាល់​សា​ម៉ូ (​ឬ រ៉ុ​ក​គី អា​បាល់​សា​ម៉ូ​)​។ អ្នក​ទាំងពីរ​បាន​បង្រៀន​ពួកយើង​ថា ស្នេហា​គឺជា​ការ​ប្រសិទ្ធិ​ពរ​ដ៏​ពិតប្រាកដ ហើយ​ថា​គុណ​តម្លៃ​នៃ​ការ​ស្គាល់​ពី​របៀប​ក្នុង​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក​គឺជា​ជណ្តើរ​ឆ្ពោះទៅ​ឋានសួគ៌​”​។​
លោកស្រី​លីន​ដា​បាន​ប្រាប់​កាសែត The Boston Globe បន្ទាប់ពី​មរណភាព​របស់លោក​រ៉ុ​ក​គី​ថា “​អាពាហ៍ពិពាហ៍​របស់​យើង​គឺ​អាពាហ៍ពិពាហ៍​បង្កើតឡើង​ក្នុង​ឋានសួគ៌​…” ហើយ​លោក​រ៉ុ​ក​គី​ជា​មនុស្ស​ម្នាក់​គត់​ដែល​មើល​យើង​ក្នុង​ឆ្នាំ​កន្លងទៅ​ទាំងនេះ​។ គាត់​ហាក់បីដូចជា​គ្រូ​លត់​ដំ​ស្មារតី​របស់​យើង​អ​ញ្ជឹ​ង​។ លោកស្រី​បន្តថា “​យើង​ព្យាយាម​ធ្វើជា​គំរូ​ដោយ​ខ្លួនឯង​បន្ទាប់ពី​លោក​រ៉ុ​ក​គី​។ យើង​ដឹងថា​គាត់​មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​ប្រពន្ធ​គាត់ ហើយ​ដូច​រូបគាត់​ដែរ យើង​នឹង​ទុក​មនុស្ស​ម្នាក់ទៀត​ជា​អាទិភាព​ជានិច្ច​”​។​លោក​រ៉ុ​ក​គី​បានមក​មើល​ផ្នូរ​ចុងក្រោយបង្អស់​កាលពី​ខែកក្កដា​ឆ្នាំ ២០១៣ នៅពេល​លោក​ធ្លាក់ខ្លួន​ឈឺ​។ កូនស្រី​របស់លោក​ឈ្មោះ អ៊ែន​ជែ​ឡា (Angela) បាន​ប្រាប់ The Boston Globe ថា “​យើង​តែងតែ​បារម្ភ​ថា​នឹង​មានរឿង​អ្វីមួយ​កើតឡើង​ចំពោះ​រូបគាត់​, យើង​ខ្លាច​ក្រែងលោ​ឃើញ​គាត់​ត្រជាក់​ស្លាប់​ក្នុង​រដូវរងា​។ យើង​ត្រូវតែ​បំភ្លេច​ភាពភ័យខ្លាច​របស់​យើង ដូចនេះ​ទើប​គាត់​អាច​រស់នៅក្នុង​ជីវិត​ដែល​គាត់​ចង់​រស់នៅ​។ រឿង​ពិសេស​បំផុត​អំពី​ឪពុក​របស់ខ្ញុំ​គឺថា គាត់​បានរស់នៅ​ក្នុង​ជីវិត​របស់គាត់​តាមរបៀប​របស់គាត់​”​។ គ្រួសារ​របស់លោក​រ៉ុ​ក​គី​មាន​គម្រោង​រៀបចំ​ពិធីបុណ្យ​បញ្ចុះសព​នៅ​ទី​បញ្ចុះសព​ខាងលើ​សម្រាប់​លោក​រ៉ុ​ក​គី ដែល​បាន​ចាកចោល​កូនស្រី ចៅ​ប្រាំ​ម្នាក់ និង ចៅទួត ៤ នាក់​របស់គាត់​ទៅហើយ​នោះ​”៕

1

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.